_________________________________________

វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ក្រោមការឧបត្ថម្ភគាំទ្រដោយអង្គការ Vital Strategies បាន​​បើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគស៊ីជម្រៅ​ដោយ​ប្រើប្រាស់​ទិន្នន័យ​អង្កេត​ប្រជា​សាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២ ដោយមានតំណាងក្រសួងកិច្ចការនារី និង​ក្រសួង​សុខាភិបាល និងស្ថាប័នជាដៃគូរអភិវឌ្ឍន៍នានាចូលរួមជាង ២០០ នាក់ នាវេលាព្រឹក​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ។

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការបានថ្លែងក្នុងឱកាសជាអធិបតី​ក្នុង​ពិធីបើក​សិក្ខា​សាលា​​ផ្សព្វផ្សាយនេះបានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថិតិរបស់អ្នកប្រើប្រាស់ វិទ្យាស្ថានជាតិស្ថិតិក៏ដូចជាអង្គភាពស្ថិតិនៅក្នុងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល មានកាតព្វកិច្ចក្នុងការបោះពុម្ព និងផ្សព្វផ្សាយ​ទិន្នន័យ​ស្ថិតិ​ផ្លូវ​ការ​របស់​ខ្លួន​ សម្រាប់​ផ្តល់​ដល់​អ្នក​ប្រើប្រាស់ទូទៅ។

ឯកឧត្តមបន្តថា ក្នុងន័យនេះហើយទើបវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានសហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធដូចជា ក្រសួងសុខាភិបាល និងក្រសួងកិច្ចនារី បានរៀបចំ​របាយការណ៍​វិភាគ​ស៊ី​ជម្រៅដោយប្រើទិន្ន ន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ ២០២១ -២០២២ ដោយ​ផ្តោតលើប្រធានបទសំខាន់ៗ ចំនួន៣ គឺរបាយការណ៍ស្តីអំពីអំពើហឹង្សាក្នុងគ្រួសារ ដែល​ជា​កិច្ច​សហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិស្ថិតិ និងក្រសួងកិច្ចការនារី។

ក្នុងឱកាសនោះដែរ ឯកឧត្តម ទ្រី ឫទ្ធា អគ្គនាយកនៃវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ លើក​ឡើង​ថា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងវិទ្យាស្ថានជាតិស្ថិតិ និងអង្គការ Vital Strategies ក្រោមគម្រោង “គំនិតផ្តួចផ្តើមស្តីពីទិន្នន័យសម្រាប់សុខភាព (Data for Health Initiative: D4H)” របស់  Bloomberg Philanthropies ដែលមានសកម្មភាពសំខាន់ៗដូចជា ការ​ចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងផលជះនៃការប្រើប្រាស់ទិន្នន័យ ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាលក្នុងការបង្កើនការប្រើប្រាស់ ទិន្នន័យជាអតិបរមា ព្រមទាំងដើម្បី​លើកក​ម្ពស់​ក្នុង​ការ​ធ្វើ​សេចក្តីសម្រេចចិត្ត ការតាក់តែងគោលនយោបាយ សុខភាពសាធារណៈ។